
Friday 1st May 2020
ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក និយោជិតរបស់ទូរគមនាគមន៍កម្ពុជា នៅទីតាំងចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញ
--------------------------------------------
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នំាជូត ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អមដោយ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក និយោជិត របស់ទូរគមនាគមន៍កម្ពុជា ដែលបម្រើការងារនៅទីតាំងចំនួន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ដូចជា៖ នៅស្ថានីយ៍ផ្កាយរណបបាយ័ន ក្នុងនាយកដ្ឋានគ្រប់គ្រងទូរស័ព្ទក្នុង និងក្រៅប្រទេស, នៅបន្ទប់បច្ចេកទេសGPO និង អគារបច្ចេកទេសបន្ទាយស្រី ដោយក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីត្រួតពិនិត្យ អំពីកិច្ចដំណើរការការងារជាក់ស្តែងនៃប្រព័ន្ធបច្ចេកទេស ឧបករណ៍នានា និងផ្តល់អនុសាសន៍ថែទាំ និងកែ សម្រួលប្រព័ន្ធបច្ចេកទេស ឧបករណ៍ ការបំពាក់ម៉ាស៊ីនត្រជាក់បន្ថែម ការសំអាតបរិវេណ និងការថែទាំឧបករណ៍ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព សេវាទូរគមនាគមន៍ជូនអតិថិជនឱ្យបានកាន់តែល្អប្រសើរឡើង។
បញ្ជាក់៖ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា និងថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជានឹងបន្តការងារចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងនានាជាបន្តបន្ទាប់ទៀត៕