
Friday 12th June 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែរបស់ទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃទូរគមនាគមន៍កម្ពុជា និងឯកឧត្តម អស់លោក លោកស្រី តំណាងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូប។
ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា បានធ្វើរបាយការណ៍គូសបញ្ជាក់ពីលទ្ធផលការងារដែលអនុវត្តសម្រេចបានក្នុងរយៈពេល៣ខែរបស់ទូរគមនាគមន៍កម្ពុជា លើការងារដឹកនាំ គ្រប់គ្រង និងនីតិកម្ម អំពីបញ្ហាប្រឈម សំណូមពរ ព្រមទាំងទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់ទូរគមនាគមន៍កម្ពុជា ដោយផ្តោតលើការងារសំខាន់ៗជាអាទិភាព។ ក្នុងឱកាសនោះ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែរបស់ទូរគមនាគមន៍កម្ពុជា ដែលបានរៀបចំឡើងនាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យទៅលើលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៦ គណៈគ្រប់គ្រងអាណត្តិទី៦ ដែលបានអនុវត្តរយៈពេល៩០ថ្ងៃកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានសម្តែងនូវសេចក្តីរីករាយ ដែលឃើញនិយោជិតគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងធ្វើការងារបានល្អ និងសហការគ្នា ដើម្បីផ្តល់សេវាជូនអតិថិជន និងស្វែងរកអតិថិជនថ្មីៗ អោយមកប្រើប្រាស់សេវារបស់ទូរគមនាគមន៍កម្ពុជា ទាំងរាជធានី និងបណ្តាខេត្តផ្សេងៗទៀត។